នាទីកំណាព្យ


 កំណាព្យ ធម្មជាតិ

លុយអើយៗលុយ     មិនក្រអូបមិនស្អុយ        ជាទីរាប់អាន

ទំរាំលុយដាច់            ធ្វើម្ចាសប៉ុន្នាន                រ៉ាប់ចេះតែបាន        ឥតមានប្រកែក ។

ទោះខ្វិនទោះខ្វាក់        អ្នកមានផុតថ្នាក់             ឬធុនដងវែក

ឱ្យតែស្មោះស្ម័គ្រ       ប្រាក់មិនដែលស្រែក       ទល់ខ្លួនរហែក         បាត់បង់រូបកាយ ។

ចំនែកនាងមាស        រាប់អានដោយផ្ទះ          ឬយល់ភក្រ្តា

ទាល់តែអ្នកមាន        ទើបមានប្រាថ្នា              អ្នកក្រឡេឡា           មាសថាទេៗ ។

រីឯនាងពេជ្រ            រស្មីព្រេចៗ                   អន្រ្ទើសលើសគេ

អ្នកមានព្រួលៗ        ពេជ្រថាទេៗ                 ពេជ្រថាទាល់តែ       ម៉ាក្សសឺដេសវ៉ុលវ៉ូ ។

ឬស្សីអើយឬស្សី      ដុះនៅលើដី                 ចេញដៃសាងញ៉ាង

មួយឆ្នាំពីរឆ្នាំ              ទំពាំងច្រូងច្រាង           ដូចម៉ែមីនាង           បានត្រឹមខជើងជ្រូក ។

នែនាងក្រសាំង          កុំអាងបន្លា                 កុំថារួចខ្លួន

ដល់ពេលចាស់ទុំ        មានគេត្រូវការ            តិចមានអាសន្ន        បានត្រឹមសម្លជូរ ។

ចំណែកនាងចេក        គេទូលគេរែក              គេកាប់បន្ទុំ

ផ្អែមគ្រាន់បើដែរ        រាងផ្លែក៏សម               តែទាស់មាសទុំ        ជោររឡេះក ។

ពៅអើយអំពៅ          រសផ្អែមមាននៅ         គេតែងរាប់អាន

កាលណារសផ្អែម       ល្ហែមចេញចាកប្រាណ   នោះគេសន្និដ្ឋាន     ទុកជាសំរាម ។

ពោតអើយនាងពោត   ឬកនាងរាងស្ងួន          ម៉ូតនាងនិមល

សន្លឹករេរាំ                  ប្រគុំតាមខ្យល់            ទាស់តែមានកល      ដាក់ស្នូលថែមស្ទៀត ។

នែនាងក្រូចឆ្មា             នៅក្នុងបន្លា                កុំថារួចខ្លួន

ជូរឆ្នាស់ពីម៉ែ              ហូរហែដល់កូន           ទោះខំកែខ្លួន           បានត្រឹមងាំង៉ូវ ។

ចំនែកនាងស្វាយ         ខ្ចីជូរពីម្តាយ                រហូតដល់ឪ

តែគេចេះកែ               ប្រែតាមរដូវ              ដល់ចាស់ទុំទៅ         ផ្អែមគួរគាប់ហោង។

ប៉ែកនាងននោង          គ្រាខ្ចីដំបូង                 តែងមានអ្នកផង

រក្សាថ្នមថ្នាក់               មិនឱ្យមានឆ្គង           ដល់ចាស់ស្វិតទង     បានត្រឹមដុះឆ្នាំង ។

នែវើយអាគក            កុំធ្វើត្រួកៗ                 អាងទឹកត្រឡោក

បង្គងរាងខ្ពស់             រស់អាងស្រូវបោក      ទំពាំងចុះថោក        ប្រយ័ត្នចូលឆ្នាំង ។

នែនាងចង្រិត              សូមអង្វរចិត្ត              ខំប្រឹងទប់ប្រាំង

សំលេងតិចៗ              កុំធ្វើមាត់ខ្លាំង              រដូវឡើងប្រាំង      ប្រយ័ត្នខ្លាញ់ជ្រូក ។

នែវើយកង្កែប             មាត់រាងច្រវែប           បែបរាងសង្ហា

ភ្លៀងធ្លាក់ដំបូង           ចង្កោឡូឡា                ប្រយ័ត្នកង្វារ         ក្វារចេញពីរន្ធ ។

នែនាងអំពិល              បើនាងឯងខ្ជិល           មិនសូវទុក្ខធ្ងន់

តែល្អែងចេញត្រួយ      តិចព្រួយអាសន្ន         ទទួលទោសទណ្ឌ    ជាមួយកង្កែប ។

 

កុំភ្លេចគិតខ្លួន

ភ្លេចអ្វីភ្លេចបាន           តែបើភ្លេចប្រាណ          ឈានធ្លាក់រណ្តៅ

បើបានជាភ្លាត់               មិនទាន់ធ្លាក់ជ្រៅ         ប្រឹងឡើងណាពៅ      កុំនៅនាំជ្រុល ។

ខូចអ្វីមិនគ្រោះ             តែបើខូចឈ្មោះ            មិនងាយជួសជុល

កូនត្រូវប្រយ័ត្ន             កុំងប់ងងុល                 កាមជាគ្រឿងពុល      ខូចអស់ទាំងខ្លួន ។

ខូចខ្លួនខូចឈ្មោះ          ខូចនេះពេញគ្រោះ         រស់លែងស៊ប់សួន

តែទោះយ៉ាងណា          កុំឱ្យខូចផ្ទួន                  ត្រូវប្រឹងកែខ្លួន            កុំចោលអាត្មា ។

ចោលអ្វីចោលបាន       តែកុំចោលប្រាណ          ក្នុងវដ្តសង្សារ

ព្រោះក្នុងលោកនេះ      ឥតមាននរណា             ជួយស្រង់អាត្មា          ក្រៅពីខ្លួនឡើយ ។

កូនត្រូវរក្សា                ការពារអាត្មា                ឱ្យបានដល់ត្រើយ

ដោយការប្រយ័ត្ន          និងមិនកន្តើយ              ប្រយ័ត្នហ្នឹងហើយ      ជាព្រះក្នុងខ្លួន ។

ប្រយ័ត្នជាម្តាយ             ញុំាគុណទាំងឡាយ        ឱ្យកើតមាំមួន

អត់ធន់ជាឪ                 រក្សាគ្រងស្ងួន               គុណធម៌ក្នុងខ្លួន         ដូចខែខាងខ្នើត ។

ខន្តីដូចថ្នាំ                     លេបជាប្រចាំ                រសជាតិល្វីងឆើត

លំបាកទ្រាំណាស់          លុះដល់ផលកើត          រសជាតិល្វីងឆើត      មានគុណគាប់ហោង ។

 

 

កំណាព្យ ដើម្បីខ្មែរ ស្រឡាញ់របស់យើង

ស្រឡាញ់ក៏ស្រឡាញ់ទៅចុះ            ប្រុសស្រីស្រួលស្រុះលុះសីលធម៌

កុំតែស្រឡាញ់ឱ្យវឹកវរ                    បង្កអាស្រូវនៅស្រុកខែ្មរ ។

សីលធម៌សង្គមប្រពៃណី                 យើងរួមសាមគ្គីរក្សាទុក

ខ្មែរស្រឡាញ់ខ្មែរខ្មែរមានមុខ           ខ្មែរយើងមានស្រុកមានវប្បធម៌ ។

ខ្មែរស្លៀកពាក់ខ្មែរនិយាយខ្មែរ          ខ្មែរមានឪម៉ែអ្នកអង្គរ

ខ្មែរមានអរិយធម៌ខ្ពស់បវរ               ខ្មែរមានអក្សររបស់ខ្លួន ។

ខ្មែរនាំគ្នាកាន់សាសនាពុទ្ធ                 ខ្មែរចិត្តមោះមុតជាតិមាំមួន

ខ្មែរមានបិដកភាសាខ្លួន                     ខ្មែរមានច្បាប់ក្បួនខ្មែរមានធម៌ ។

ខ្មែរយើងជាពូជអ្នកល្បាញល្បី         ខ្មែរមានទឹកដីព្រៃអង្គរ

ខ្មែរមានប្រាសាទល្បីខ្ទារខ្ទរ               ខ្មែរម្ចាស់អង្គរបន្តថែ ។

ខ្មែរមានព្រះសង្ឃខ្មែរមានវត្ត            ខ្មែរមានបែបបទរបស់ខ្មែរ

ខ្មែរទទួលស្គាល់គុណឪម៉ែ                 ខ្មែរចេះធ្វើស្រែខ្មែរមានបាន ។

ខ្មែរស្រឡាញ់ខ្មែរខ្មែរថែខ្លួន               ខ្មែរជាតិមាំមួនខ្មែរសប្បាយ

ខ្មែររួមប្រជុំជាតិទាំងឡាយ                ខ្មែរមានឧបាយកសាងជាតិ ។

ខ្មែរធ្វើខ្មែរគិតដល់ខ្លួនឯង                 ខ្មែរគិតកោតក្រែងសន្តានញាតិ

ខ្មែរថែសាសនាប្រទេសជាតិ              ខ្មែរត្រូវមិនឃ្លាតពីសីលធម៌ ។

ដូច្នេះខ្មែរត្រូវតែលះបង់                   ចំពោះចំណង់អន្លង់មរណ

ច្រណែនឈ្នានីសនាំវឹកវរ                 ចង់ឱ្យខ្លួនល្អកុំដៀលគេ ។

អក្សរសាស្រ្តវប្បធម៌ប្រពៃណី         នាទីកូនខ្មែរថែឱ្យថេរ

ជាតិគេស្រឡាញ់របស់គេ          ខ្មែរត្រូវរិះរេស្រឡាញ់ខ្មែរយើងទៅហោង ។

ដោយធម្មាចារ្យ ប៊ុន សាវង្ស

 

ខ្មែរស្រឡាញ់ខ្មែរ

ខ្មែរស្រឡាញ់ខ្មែរខ្មែរជួយខ្មែរ                 ខ្មែរខំខ្មែរថែខ្មែរគង់វង់

ខ្មែរខំព្យាយាមខ្មែរមិនលង់                     ខ្មែរពូជមិនល្ងង់ខ្មែរពូជឆ្លាត ។

ខ្មែរមានទឹកចិត្តមានគំនិត                        ខ្មែរឧត្តមពិតខ្មែរសង្វាត

ខ្មែរស្រឡាញ់ខ្លួនស្រឡាញ់ជាតិ               ខ្មែរមានមារយាទឧត្តមថ្លៃ ។

ខ្មែរមានបញ្ញាឆ្នៃប្រឌិត                           ខ្មែរចេះគួរគិតសែនប្រពៃ

ខ្មែរពូជអង្គរឈោ្មះមានន័យ                   ខ្មែរមានអ្វីៗដ៏អស្ចារ្យ ។

ខ្មែរមានទឹកដីនិងប្រាសាទ                       ខ្មែរបញ្ញាឆ្លាតមហិមា

ខ្មែរហ៊ានតស៊ូខ្មែរពុះពារ                         ខ្មែរកម្ពុជាសាសន៍អាស៊ី ។

ខ្មែររួបរួមគ្នាជាធ្លុងមួយ                           ខ្មែរឥតខ្វល់ព្រួយខ្មែរមូលមី

ខ្មែរនៅរួមរស់ខ្មែរសាមគ្គី                         ខ្មែរខំសំភីកសាងជាតិ ។

ខ្មែរថែរក្សាវប្បធម៌                                 ខ្មែរលើកខ្មែរទ្រមិនឱ្យឃ្លាត

ខ្មែររស់ស្រឡាញ់ទឹកដីជាតិ                       ខ្មែរថែមិនឃ្លាតបែបជាខ្មែរ។

ខ្មែរថែរក្សាខ្មែរស្រឡាញ់                          ខ្មែរមិនចុះចាញ់ខ្មែរត្រូវថែ

ខ្មែរស្រឡាញ់ជាតិខ្មែរត្រូវតែ                     ខ្មែរស្រឡាញ់ខ្មែរខ្មែររុងរឿង ។

ដោយឧសិកា ទេពទ្រឹម ឈុំ

បានទស្សនា: 136

Leave a comment

Your email address will not be published. Required fields are marked *