រាយការណ៍ពីខ្ញុំករុណា អាត្មាភាព ភិ.បុណ្ណវិជ្ជោ អេង សុវណ្ណ ប្រធានទំនាក់ទំនង និងផ្សព្វផ្សាយ
ពិធីសូត្រពុទ្ធមន្ដ “បុណ្យផ្កាប្រាក់លើកទី៨ របស់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប” ។ រសៀល ថ្ងៃអាទិត្យ ៦រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១។ សូមប្រជាជន ប្រុសស្រី អនុមោទនា នៅពិធីបុណ្យសម្រាប់ឆ្នាំនេះ ដោយបរិបទ កូវិដ-១៩ បានធ្វើឲ្យមានបញ្ហាប្រឈម តែក្រុមការងារ ក៏ខិតខំ រកមធ្យោបាយផ្សេងៗ ហើយបានដំណើរការ ដោយមានចំនួនមនុស្សចូលរួមតិច តែមានការផ្សាយមន្ដផ្ទាល់ រហូត១៦ថ្ងៃជាប់ៗគ្នា ដលថ្ងៃ ទី២៩ នេះ ជាថ្ងៃសូត្រមន្ដ និងប្រកាសលទ្ធផល បឋមម្ដងទៀត។
នាពេលបន្ទាប់ ធម្មទេសនា គ្រែ៧ ” ធម្មកថិកការចារ្យ សម្ដែងអំពីអរិយទ្រព្យ៧ប្រការ ដឹកនាំសម្ដែងដោយ ព្រះបវរវិជ្ជា ទេព ភឿន ព្រះរាជាគណៈធ្នាក់កិត្តិយស និងជាព្រះវិន័យធរគណខេត្តសៀមរាប។ ក្នុងនោះ ធម្មកថិកមានដូចក្នុងរូបស្រាប់ ដែលបានពោលតាមលំដាប់លំដោយ ពីបទថា សទ្ធាធនំ រហូតដល់ បញ្ញាធនំ ចប់។ ជាលទ្ធផល ខាងមន្ទីរពេទ្យបាន រៀបរាប់ថា ៖
យើងខ្ញុំព្រះករុណា ខ្ញុំ សូមប្រគេន និងជម្រាបជូនពុទ្ធបរិស័ទ និងសប្បុរសជនទាំងអស់ឱ្យបានជ្រាបថា ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី៨ ដែលប្រព្រឹត្តឡើងតាមបណ្តាញសង្គម (អនឡាញ) ចាប់តាំងពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២១ មក ត្រូវបានបញ្ចប់ជាស្ថាពរនារសៀល ថ្ងៃអាទិត្យ ទី ២៩ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ ដោយទទួលបានថវិកាសរុបជាបណ្តោះអាសន្នចំនួន ១១៤ ៤២៦ ដុល្លារអាមេរិក ដើម្បីឧបត្ថម្ភគាំទ្រដល់ដំណើរការ ពិនិត្យ និងព្យាបាលកុមារកម្ពុជាប្រកបដោយគុណភាព ក្តីមេត្តាករុណា និងឥតគិតកម្រៃ នៅក្នុងមន្ទីរពេទ្យកុមារអង្គរ។ យើងខ្ញុំព្រះករុណា ខ្ញុំ សូមថ្លែងអំណរព្រះគុណ និងអរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកព្រះទ័យ និងទឹកចិត្តដ៏សប្បុរស របស់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អ្នកផ្តើមបុណ្យ និងសប្បុរសជនគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេសទាំងអស់ ដែលបានចូលរួមសាមគ្គីគ្នាធ្វើឲ្យពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ឆ្នាំនេះ ប្រព្រឹត្តិទៅដោយរលូន និងជោគជ័យ យ៉ាងល្អប្រសើរ។ ទោះជាកម្មវិធីបុណ្យនេះបានបញ្ចប់ទៅហើយក្តី ក៏យើងខ្ញុំព្រះករុណា ខ្ញុំ នៅតែបន្តទទួលបច្ច័យ ឬថវិកាបរិច្ចាគទៅ តាមសទ្ធាជ្រះថ្លា មកកាន់មន្ទីរពេទ្យកុមារអង្គរ តាមរយៈមធ្យោបាយបរិច្ចាគដែលមានបញ្ជាក់នៅខាងក្រោមនេះ និងសូមទស្សនាកម្ររូបភាពនៃពិធីបុណ្យទាំងមូល រួមទាំងចូលរួមចែករំលែកបន្តក្នុងបណ្តាញសង្គមឲ្យបានច្រើនកុះករ។ សូមអនុមោទនាបុណ្យកុសលដល់សប្បុរសជនទាំងអស់ ព្រមទាំងសូមអរព្រះគុណ និងអរគុណ!កំណត់ហេតុ,ថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។
ពីទីក្រុងបាត់ដំបង សូមអរគុណ
បានទស្សនាៈ 0 Views