ការសម្ដែង នៅបរាភវសូត្រ នេះ មានចំនួន ១២គាថា ក្នុងបិដកខ្មែរ ភាគទី៥៤ សុត្តន្តបិដក ខុទ្ទកនិកាយ សុត្តនិបាត ដើម្បីជាប្រយោជន៍ សម្រាប់ ព្រះគុណម្ចាស់ និងញាតិញោម បានសិក្សាតាមរយៈការស្ដាប់នេះ។
ដោយ សម្ដែង ប្រចាំសប្ដាហ៍រាល់ថ្ងៃ សុក្រ-សៅរ-និងអាទិត្យ នាឆ្នាំព.ស.២៥៦៥ មានលោកគ្រូ ធម្មាចារ្យ បុណ្ណវិជ្ជោ អេង សុវណ្ណ និងលោកគ្រូ ធម្មាចារ្យ មហាសទ្ធម្មោ យូ សុលិន ផ្សាយពីវត្តគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ដើម្បី មកទស្សនកិច្ចវត្តបុរាណនិវេសន៍ សូមទំនាក់ទមនងមក Tell 096 222 33 59
Page : វត្តបុរាណនិវេសន៍-គាស់ក្រឡ-គាស់ក្រឡ
[១០] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះឯង ទេវតា ១ អង្គ កាលដែលរាត្រីបឋមយាមកន្លងទៅហើយ មានរស្មីដ៏រុងរឿង ញុំាងវត្តជេតពនជុំវិញទាំងអស់ ឲ្យភ្លឺស្វាងហើយ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយស្ថិតក្នុងទីសមគួរ ។ លុះទេវតានោះ ស្ថិតនៅក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ ដោយគាថាដូច្នេះថា ។
[១១] យើងទាំងទ្បាយ មកដើម្បីសួរព្រះគោតមដ៏ចម្រើន (ដោយគិតថា)យើងទាំងទ្បាយ សូមសួរអំពីបុរសបុគ្គល ដែលមានសេចក្តីវិនាសចុះអ្វីជាប្រធាននៃសេចក្តីវិនាស ។
(ព្រះមានព្រះភាគ ត្រាស់ថា) ១. បុរសដែលចម្រើន ជាបុគ្គល គឺបណ្ឌិតដឹងបានដោយងាយបុរសដែលវិនាស ជាបុគ្គល គឺបណ្ឌិតដឹងបានដោយងាយដែរ បុគ្គលអ្នកប្រាថ្នាធម៌ រមែងចម្រើន អ្នកស្អប់ធម៌ រមែងវិនាស ។
យើងទាំងទ្បាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តីវិនាសទី ១ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវហេតុទី ២ អ្វីជាប្រធាននៃសេចក្តីវិនាស ។
២. បុគ្គលមានពួកអសប្បុរសជាទីស្រឡាញ់ មិនធ្វើសេចក្តីស្រឡាញ់ចំពោះពួកសប្បុរស ពេញចិត្តចំពោះធម៌របស់ពួកអសប្បុរស នោះជាប្រធាននៃសេចក្តីវិនាស ។
យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តីវិនាសទី ២ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវហេតុទី ៣ អ្វីជាប្រធាននៃសេចក្តីវិនាស ។
៣. ជនអ្នកដេកលក់ច្រើនក្តី និយាយច្រើនក្តី មិនខ្មីឃ្មាតក្តី ខិ្ជលច្រអូសក្តី ប្រាកដតែខាងក្រោធក្តី នោះជាប្រធាននៃសេចក្តីវិនាស ។
យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តីវិនាសទី ៣ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវហេតុទី ៤ អ្វីជាប្រធាននៃសេចក្តីវិនាស ។
៤. បុគ្គលជាអ្នកស្តុកស្តម្ភ តែមិនចិញ្ចឹមមាតាក្តី បិតាក្តី ដែលចាស់ មានវ័យកន្លងហើយ នោះជាប្រធាននៃសេចក្តីវិនាស ។
យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តីវិនាសទី ៤ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវហេតុទី ៥ អ្វីជាប្រធាននៃសេចក្តីវិនាស ។
៥. បុគ្គលបញ្ឆោតព្រាហ្មណ៍ក្តី សមណៈក្តី ឬអ្នកសូមដទៃក្តី ដោយពាក្យកុហក នោះជាប្រធាននៃសេចក្តីវិនាស ។
យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តីវិនាសទី ៥ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវហេតុទី ៦ អ្វីជាប្រធាននៃសេចក្តីវិនាស ។
៦. បុរសបុគ្គល មានទ្រព្យជាគ្រឿងត្រេកអរច្រើន មានប្រាក់ សម្បូណ៌ភោជនបរិភោគនូវភោជនមានរសឆ្ងាញ់តែម្នាក់ឯង នោះជាប្រធាននៃសេចក្តីវិនាស ។
យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តីវិនាសទី ៦ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវហេតុទី ៧ អ្វីជាប្រធាននៃសេចក្តីវិនាស ។
៧. ជនដែលរឹងត្អឹងដោយអាងជាតិក្តី រឹងត្អឹងដោយអាងទ្រព្យក្តី រឹងត្អឹងដោយអាងគោត្រកូលក្តី ហើយមើលងាយញាតិរបស់ខ្លួន នោះជាប្រធាននៃសេចក្តីវិនាស ។
យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តីវិនាស ទី ៧ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវហេតុទី ៨ អ្វីជាប្រធាននៃសេចក្តីវិនាស ។
៨. ជនជាអ្នកលេងស្រីក្តី លេងសុរាក្តី លេងល្បែងភ្នាល់ក្តី រមែងញុំាងទ្រព្យ ដែលខ្លួនបានហើយ បានហើយ ឲ្យវិនាសទៅ នោះជាប្រធាននៃសេចក្តីវិនាស ។
យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តីវិនាសទី ៨ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវហេតុទី ៩ អ្វីជាប្រធាននៃសេចក្តីវិនាស ។
៩. ជនមិនត្រេកអរនឹងប្រពន្ធរបស់ខ្លួន ទៅខូចចំពោះពួកស្រីពេស្យា ឬខូចចំពោះប្រពន្ធនៃបុគ្គលដទៃ នោះជាប្រធាននៃសេចក្តីវិនាស ។
យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តីវិនាសទី ៩ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវហេតុទី ១០ អ្វីជាប្រធាននៃសេចក្តីវិនាស ។
១០. បុរសមានវ័យកន្លងហើយ នាំយកស្រ្តី (ក្មេង) ដែលមានដោះក្បំ ដូចជាផ្លែទន្លាប់ រមែងដេកមិនលក់ ព្រោះសេចក្តីប្រច័ណ្ឌចំពោះស្រ្តីនោះ នោះជាប្រធាននៃសេចក្តីវិនាស ។
យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តីវិនាសទី ១០ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវហេតុទី ១១ អ្វីជាប្រធាននៃសេចក្តីវិនាស ។
១១. បុរសបុគ្គល តាំងស្រ្តីអ្នកលេងខ្ជះខ្ជាយ ឬបុរសបែបនោះដែរ ក្នុងឋានៈជាធំ នោះជាប្រធាននៃសេចក្តីវិនាស ។
យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តីវិនាសទី ១១ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវហេតុទី ១២ អ្វីជាប្រធាននៃសេចក្តីវិនាស ។
១២. បុគ្គលដែលកើតក្នុងខតិ្តយត្រកូល មានភោគៈតិច តែមានសេចក្តីប្រាថ្នាធំ ទៅប្រាថ្នារជ្ជសម្បត្តិ នោះជាប្រធាននៃសេចក្តីវិនាស ។
បុគ្គលជាបណ្ឌិត បរិបូណ៌ដោយការឃើញដ៏ប្រសើរ ពិចារណាឃើញច្បាស់ នូវសេចក្តីវិនាសទាំងនុ៎ះក្នុងលោក បណ្ឌិតនោះ រមែងគប់រកនូវលោក ដែលមានសេចក្តីសុខដ៏ក្សេមក្សាន្ត [បាលីថា សិវំ ក្នុងទីឯទៀតៗ បានដល់ព្រះនិព្វាន តែក្នុងទីនេះ អដ្ឋកថាប្រាប់ថា បានដល់សេចក្តីសុខក្សេមក្សាន្ត ក្នុងមនុស្ស និងទេវតា ។ ចប់ បរាភវសូត្រ ទី៦ ។
បានទស្សនាៈ 6 Views